សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាននឹងក្លាយជាប៉ូលសំខាន់មួយរបស់ពិភពលោក ដែលអាចបត់បែនបាន ដោយមិនយកប្រទេសណាជាសត្រូវ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ាននឹងក្លាយជាប៉ូលសំខាន់មួយ របស់ពិភពលោក ដែលអាចបត់បែនបាន ដោយមិនយកប្រទេសណាជាសត្រូវ។
ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោកនៅទូទាំងតំបន់ អាស៊ាននឹងក្លាយជាតំបន់ដែលមានឧស្សាហកម្ម រោងចក្រលំដាប់ពិភពលោក អាស៊ាននឹងក្លាយជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក អាស៊ាន នឹងក្លាយជាទីតាំងរៀបចំការប្រកួតលំដាប់ពិភពលោកមានដូចជា World Cup ជាដើម ទាំងនេះគឺជាក្ដីសុបិនរបស់អាស៊ាន។
សម្ដេចតេជោបានបន្ថែមថា អាស៊ានពិតជា មានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការច្បាប់ផង និងកាន់តែ មានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទី ការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ៕

