សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត។
ក្នុងឳកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីកផងដែរ៕

