បេសកជនពន្ធគយរបស់ទីក្រុងតូក្យូ ថាកិច្ចពិភាក្សារបស់អាមេរិក មានលក្ខណៈស្ថាបនា

វ៉ាស៊ីនតោន៖ បេសកជនរបស់ទីក្រុងតូក្យូសម្រាប់កិច្ចពិភាក្សាពន្ធដាររបស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភាថា ការចរចាជុំទីពីររវាងប្រទេសទាំងពីរគឺ ស្មោះត្រង់ និងស្ថាបនា។
ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាវិនិយោគិនដ៏ធំបំផុតរបស់ខ្លួន ត្រូវទទួលរងនូវពន្ធមូលដ្ឋាន ១០ភាគរយដូចគ្នាដែលបានដាក់លើប្រទេសភាគច្រើន បូករួមទាំងការយកពន្ធកាន់តែខ្ពស់លើរថយន្ត ដែក និងអាលុយមីញ៉ូម។
លោក Ryosei Akazawa បានប្រាប់អ្នកយកព័ត៌មានថា «យើងអាចឆ្ពោះទៅមុខក្នុងការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
«យើងអាចជំរុញការពិភាក្សាជាក់ស្តែងលើឧទាហរណ៍ ការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ វិធានការមិនមែនពន្ធ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ»។
លោក Akazawa បានស្នើទៅកាន់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងមន្ត្រីផ្សេងទៀត ឱ្យពិនិត្យឡើងវិញលើការយកពន្ធដ៏ច្រើនរបស់លោកប្រធានាធិបតី Donald Trump លើដៃគូពាណិជ្ជកម្ម។
លោក Trump កាលពីដើមខែមេសាបានប្រកាសពន្ធទៅវិញទៅមក លើប្រទេសជប៉ុនចំនួន ២៤ភាគរយ ប៉ុន្តែក្រោយមកបានផ្អាករយៈពេល ៩០ថ្ងៃ រួមជាមួយនឹងប្រទេសផ្សេងទៀត លើកលែងតែប្រទេសចិន។
លោក Akazawa បាននិយាយថា ជុំបន្ទាប់នៃកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាចាប់ពីពាក់កណ្តាលខែឧសភាតទៅ។ ការចរចាកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំដំបូងនៅពាក់កណ្តាលខែមេសា។
លោក Akazawa បាននិយាយថា កិច្ចព្រមព្រៀងណាមួយស្តីពីការបន្ធូរបន្ថយពន្ធនឹងមានទម្រង់ជាកញ្ចប់ ដែលនឹងត្រូវប្រកាសនៅពេលចុងក្រោយ។
