សម្ដេចធិបតី៖ ការថែរក្សាសន្ដិភាព គឺជាកត្តាស្នូលដើម្បីឱ្យកម្ពុជាដើរទៅមុខបន្តទៀត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការថែរក្សាសន្ដិភាព គឺជាកត្តាស្នូលដើម្បីឱ្យកម្ពុជាដើរទៅមុខបន្តទៀត កុំឱ្យដើរថយក្រោយទៅវិញ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរសមុទ្រ ក្នុងនោះបានយកខេត្តព្រះសីហនុអនុវត្តមុនគេ ដោយកំណត់ជាតំបន់ពាណិជ្ជកម្មសេរីនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់ ហើយក្នុងនោះប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកក៏ជាកត្តាមួយសំខាន់ក្នុងការអនុវត្តផែនការមេនេះដែរ។
សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា អគ្គិសនីកម្ពុជា កំពុងធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីក្រោមបាតសមុទ្រ ទៅតាមបណ្ដាកោះក្នុងខេត្តព្រះសីហនុ ក្នុងនោះកំពុងអនុវត្តការតភ្ជាប់ពីកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ដើម្បីជំរុញដល់ការវិនិយោគ និងការអភិវឌ្ឍ ៕

