សម្តេចធិបតី អំពាវនាវដល់ម្ចាស់រថយន្តបើកបរដឹកកម្មករនិយោជិត ត្រូវគិតគូរពីគុណភាពយានយន្ត និងបើកបរគោរពច្បាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្តបើកបរដឹកកម្មករនិយោជិត ត្រូវគិតគូរពីគុណភាពយានយន្ត និងបើកបរគោរពច្បាប់ ដើម្បីធានាសុវត្ថិភាពជូនកម្មករ-កម្មការិនី។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ។
នៅក្នុងឳកាសនោះសម្ដេចធិបតី លើកឡើងថា បើបរិស្ថានការងាររបស់បងប្អូននៅតាមរោងចក្របានល្អនោះរាជរដ្ឋាភិបាលនឹងខិតខំទាក់ទាញអ្នកវិនិយោគឲ្យកាន់តែច្រើនថែមទៀត។ ប្រសិនបើមានបាតុកម្មកើតឡើងនោះអ្នកវិនិយោគិននឹងមិនមកដាក់ទុនវិនិយោគនៅកម្ពុជាយើងនោះទេ។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥នេះ បណ្ដារោងចក្រមួយចំនួននឹងមានការរៀបចំការរាំលេងកម្សាន្តសប្បាយជូនបងប្អូនកម្មករកម្មការិនី នៅតាមបណ្ដារោងចក្រ សហគ្រាសនានា៕

