ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា
កីឡា៖ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន (Tajikistan) ក្នុងជំនួបមិត្តភាពអន្តរជាតិ វឌ្ឍនៈ (Vattanac International Friendly) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ។
ក្រុមបាល់ទាត់កម្ពុជាប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត នៅដើមឆ្នាំ២០២៥ជាមួយក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិអារូបា នាពេលកន្លងមក (ក្នុងលទ្ធផល ១-២ ដូចគ្នា) ដោយចាញ់ទាំងពីរប្រកួតនោះ គឺក្រុមកម្ពុជានឹងត្រូវដកស្រង់បច្ចេកទេសជាថ្មីជាមួយក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន ដែលស្ថិតក្នុងទ្វីបអាស៊ីកណ្តាល។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ពិភពលោកលេខ ១៨១ ខណៈចំណាត់ថ្នាក់ពិភពលោករបស់ក្រុមជម្រើសជាតិ តាហ្ស៊ីគីស្ថាន ស្ថិតនៅលេខរៀង ១០៤៕