អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈវាគឺជាការកើនឡើងកម្តៅភាពតានតឹងយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីភាគីទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រៀងបឋមដើម្បីឆ្ពោះទៅរកសន្តិភាព កាលពី២សប្តាហ៍មុនប៉ុណ្ណោះ។
យោធាអាមេរិកបាននិយាយថា ការវាយប្រហារថ្មីទៀតខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកប៉ាល់ប្រេង១គ្រឿងដោតទង់ជាតិប៉ាណាម៉ា បានរងការវាយប្រហារពីដ្រូនអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍។
រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វាអាចដល់ពេលមួយ ដែលយើងលែងអាច ទទួលយកហេតុផលអ្វីទាំងអស់តទៅទៀត ហើយនឹងត្រូវបង្ខំឱ្យប្រើជម្រើសយោធាដើម្បីសម្រេចគោលដៅ ដែលកន្លងមកយើងបានចាប់ផ្តើមដោយជោគជ័យ។ ប្រសិនបើត្រូវដើរដល់ផ្លូវនោះមែន សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងលែងមានវត្តមានទៀតហើយ»។
គួរបញ្ជាក់ថា ការវាយប្រហារកប៉ាល់ដឹកប្រេងកាលពីថ្ងៃសៅរ៍ គឺកើតមានឡើងក្រោយកប៉ាល់ដឹកទំនិញ១គ្រឿង ក៏បានរងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដុតបញ្ឆេះការផ្ទុះកម្តៅភាពតានតឹងថ្មីចុងក្រោយបង្អស់នេះ។ អ៉ីរ៉ង់និងអាមេរិក បានចោទគ្នាទៅវិញទៅមកអំពីការបំពានកិច្ចព្រមព្រៀងបឋម ដោយ ទីក្រុងតេហេរ៉ង់ បានបន្ទោសទីក្រុងវ៉ាស៉ីនតោនជាពិសេស ជុំវិញការសន្យាបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់។ អ៉ីស្រាអែលនិងលីបង់ បានយល់ព្រមម្តងហើយម្តងទៀតចំពោះបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក ខណៈការព្រមព្រៀងថ្មីចុងក្រោយបំផុត គឺកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ពុំមានប្រសិទ្ធនោះទេ៕

