ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

កណ្តាល៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ សមាជិក ៩៩នាក់ នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ១៦គ្រួសារ នៅក្នុងបរិវេណសាលាបឋម សិក្សានិងអនុវិទ្យាល័យព្រែកក្មេ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងអាជ្ញាធរដែនដីសង្កាព្រែកក្មេង ក្រុងអរិយក្សត្រជាច្រើននាក់ផងដែរ។
មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។
ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួនបំផុត នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត។
ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់សម្រាប់មនុស្សចាស់ ក្មេង ក្រមា ១កញ្ចប់ រួមទាំងថវិកាចំនួន ២០ម៉ឺនរៀល និងបានផ្តល់ថវិកាបន្ថែមដល់ស្ត្រីម្នាក់មានកូនចំនួន១២នាក់ នៅក្នុងបន្ទុក បានឧបត្តម្ភបន្ថែម. ថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។ ក្នុងពេលជាមួយគ្នានេះ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រុំ បានឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ក្នុង១គ្រួសារៗ ចំនួន ៥ម៉ឺនរៀលទៀត៕

