ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ លន់ ភ័ស្ដ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណីលួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១. ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ ២០ឆ្នាំ, ២. ឈ្មោះ ខុន វិន ភេទប្រុស អាយុ ៣៩ឆ្នាំ និង៣. ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ ៣០ឆ្នាំ បានធ្វើសកម្មភាពលួចយកសម្ភារៈសំណង់ កាត់ខ្សែភ្លើង និងដែកក្រចាប់រន្ទា និងកំណាត់ដែក នៅក្នុងការដ្ឋានប៉ាណាគ្រី ដែលមានទីតាំងនៅភូមិភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងដកហូតវត្ថុតាងមាន៖ ១. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន ១គ្រឿង, ២. កំណាត់ខ្សែភ្លើងចំនួន ១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣. ក្រចាប់ចាប់ដែករន្ទាចំនួន ២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤. កំណាត់ដែកតំណររន្ទាចំនួន ១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីពាក្យបណ្ដឹង និងចម្លេីយសារភាព ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី ៕

