អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ។
បើតាមលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភណភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។
លោក ហាន កុសល ឱ្យដឹងទៀតថា «ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។
ដោយឡែកចំពោះពាងទឹកគឺមានរៀបចំរហូតចំនួន ២៤១ពាង ច្រើនជាងឆ្នាំមុន ដែលរៀបចំតែ២០ពាង ពោលឆ្នាំនេះគឺមានការរៀបចំពេញក្រុងកំពង់ចាមតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចយកទឹកស្រាចដាក់គ្នាយ៉ាងសប្បាយរីករាយ និងមានភាពងាយស្រួល ព្រមទាំងមានកម្មវិធីបើកសង្ក្រានឆ្នាំថ្មី មានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដោយធ្វើការដង្ហែសត្វពស់ចំនួន៣ អមដោយការរាំបទភ្លេងប្រពៃណីខ្មែរ ក្នុងគោលបំណងដើម្បីឱ្យក្បួនដង្ហែមានភាពអស្ចារ្យ ដោយយើងធ្វើនៅរសៀលថ្ងៃទី១៣ ខែមេសា ខាងមុខនេះ» ៕

