លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់

វ៉ាស៊ីនតោន៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លេវីត កាលពីថ្ងៃអង្គារទី៨ ខែមេសា បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់ នៅថ្ងៃពុធទី៩ ខែមេសានេះ។
លោក ត្រាំ បានប្រកាសក្តែងៗថា លោកនឹងដាក់ពន្ធបន្ថែមរហូតដល់ទៅ៥០ភាគរយលើការនាំចូលពីប្រទេសចិន នៅថ្ងៃពុធទី៩ ខែមេសា ប្រសិនបើរដ្ឋធានីប៉េកាំងមិនដកពន្ធ៣៤ភាគរយលើផលិតផលរបស់សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។ ពន្ធគយរបស់ចិន គឺជាការឆ្លើយតបទៅនឹងពន្ធទៅវិញទៅមក៣៤ភាគរយ ដែលប្រកាសដោយលោក ត្រាំ។ សេតវិមានបានបញ្ជាក់ថាលោក ត្រាំ នឹងបន្តសកម្មភាពនេះ ដោយយកពន្ធបន្ថែមសរុបនៅឆ្នាំនេះដល់១០៤ភាគរយ។
លោកស្រី លេវីត បាន និយាយ នៅ ក្នុង សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃ អង្គារ ថា ៖« វា ជា កំហុស មួយ សម្រាប់ ចិន ក្នុង ការ សងសឹក ។ នៅ ពេល ដែល អាម៉េរិក ត្រូវ បាន គេ វាយប្រហារ លោកប្រធានាធិបតី នឹងវាយប្រហារតបវិញ»។ នោះហើយជាមូលហេតុដែលពន្ធ១០៤ភាគរយនឹងចូលជាធរមានលើប្រទេសចិននៅយប់នេះ នៅពាក់កណ្តាលអធ្រាត្រ»។
កាលពីព្រឹកថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសប្រឆាំងដាច់ខាតនឹងពន្ធបន្ថែម៥០ភាគរយលើការនាំចូលរបស់ចិន ដោយហៅវាថាកំហុសឆ្គង។
ក្រសួងបានប្តេជ្ញាបង្កើនការសងសឹកលើការនាំចេញរបស់សហរដ្ឋអាម៉េរិក។ ចិនគឺជាប្រភពនាំចូលធំទីពីររបស់អាម៉េរិកកាលពីឆ្នាំមុន ដោយបានដឹកជញ្ជូនទំនិញសរុបចំនួន៤៣៩ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាម៉េរិក ខណៈសហរដ្ឋអាម៉េរិកបាននាំចេញទំនិញមានតម្លៃ១៤៤ពាន់លានដុល្លារទៅកាន់ប្រទេសចិន។ប្រទេសរាប់សិបផ្សេងទៀត ដូចជាសហភាពអឺរ៉ុប ក៏ប្រឈមនឹងអត្រាពន្ធថ្មី។ អត្រាពន្ធទាំងនោះលោក ត្រាំ បានដាក់ចេញកាលពីសប្តាហ៍មុនមានចាប់ពី១១ទៅ៥០ភាគរយ។
លោកស្រី លេវីត បានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាមានការសន្ទនាជាច្រើនជាមួយមេដឹកនាំពិភពលោក ក្នុងគោលបំណងចរចាអំពីអត្រាពន្ធទាបក៏ដោយ លោក ត្រាំ មានចំណង់តិចតួចក្នុងការពន្យារពេលផែនការរបស់គាត់។ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យដដែលនិយាយថា លោក ត្រាំ បានណែនាំក្រុមពាណិជ្ជកម្មរបស់គាត់ឱ្យធ្វើកិច្ចព្រមព្រៀងតាមតម្រូវការជាមួយប្រទេសដែលចង់ចរចា៕
