សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី ក្នុងការកសាងសាលារៀន ពង្រាយឱ្យដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសាលារៀន ពង្រាយសាលាឱ្យបានច្រើនដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីបង្កការងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សថ្នាក់មធ្យមសិក្សាកើនដល់ ៤០ ម៉ឺននាក់ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងមានសាលារៀនច្រើននៅតាមមូលដ្ឋានភូមិឃុំ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា ដើម្បីពង្រឹងគុណភាពអប់រំត្រូវពង្រឹងលើបរិមាណ និងគុណភាព។ បរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រទាំងអស់គ្នា និងត្រូវរៀនសូត្រឱ្យបានចំណេះដឹងខ្ពង់ខ្ពស់កាន់តែច្រើន៕

