ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលមួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ជាអាណាព្យបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់។
សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សាកំរិត២ទីរួមខេត្ត» បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា «សាលាលិចទឹក» ព្រោះស្ថិតនៅលើដីទំនាបដែលមានតែអគារទ្រុឌទ្រោម៕
