ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គាំទ្រយ៉ាងពេញទំហឹងនូវការសិក្សាលទ្ធភាពនៃការអនុវត្តកម្មវិធី «ការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅទន្លេសាប»

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី៣ ជាមួយដៃគូរអភិវឌ្ឍន៍ដើម្បីពិនិត្យលើដំណើរការ រៀបចំផែនការ ជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) និងគំនិតផ្តួចផ្តើមលើក «ការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅទន្លេសាប»។
ជាមួយគ្នានេះ អង្គប្រជុំបានជំរុញការចូលរួមអន្តរក្រសួង-ស្ថាប័នក្នុងការរៀបចំធាតុចូលជាផ្លូវការ សម្រាប់ដាក់ចេញជាការរៀបចំជាផែនការរួមសម្រាន់ជាតិ ដោយមានការដាក់សូចនាករជាក់លាក់ ក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យ និងការដាក់បញ្ជូលនូវបញ្ហាអន្តរវិស័យដូចជាជនជាតិដើមភាគតិច យែនឌ័រ និងបរិយាប្បន្នសង្គម។
កិច្ចប្រជុំក៏បានសារទរនឹងគាំទ្រយ៉ាងពេញទំហឹងនូវគំនិត «ការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅទន្លេសាប» ដែលបានផ្តួចផ្តើមដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីអភិរក្សជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីទន្លេសាប ក៏ដូចជាបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប តាមរយៈជម្រើសនៃការប្រកបរបរចិញ្ជឹមជីវិត និងមិនដាក់សម្ពាធខ្លាំងពេកទៅលើធនធានធម្មជាតិ ៕

