កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ថ្កោលទោសយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចំពោះការធ្វើសមយុទ្ធដែលជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់

ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូង ប្រកាសថាកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់នៅថ្ងៃចន្ទទី១០ ខែមីនា ប៉ុន្មានម៉ោងបន្ទាប់ពីបានថ្កោលទោសយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចំពោះការធ្វើសមយុទ្ធដែលប្រទេសផ្តាច់ការនេះហៅថា ជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា មីស៊ីលត្រូវបានបាញ់ចេញពីតំបន់ភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្ទលឿង។ ការបាញ់បង្ហោះនេះ គឺជាការបាញ់សាកល្បងមីស៊ីលផ្លោង ដែលត្រូវបានរាយការណ៍ជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា។
យោធាកូរ៉េខាងត្បូង បន្ថែមថា យោធារបស់យើងនឹងជំរុញការឃ្លាំមើល និងរក្សាជំហរត្រៀមខ្លួនពេញលេញក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា សមយុទ្ធ Freedom Shield ប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត គ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី២០ ខែមីនា ទោះបីជាសមយុទ្ធបាញ់គ្រាប់ពិតនៅតែត្រូវបានផ្អាក បន្ទាប់ពីយន្តហោះរបស់កូរ៉េខាងត្បូងបានទម្លាក់គ្រាប់បែកខុសលើទីក្រុងជនស៊ីវិលក្បែរព្រំដែនកាលពីសប្តាហ៍មុន ដោយធ្វើឱ្យមនុស្ស២៩នាក់រងរបួស៕
