រដ្ឋមន្រ្តីក្រសួងអប់ អញ្ជើញផ្សព្វផ្សាយសៀវភៅ «នយោបាយការបរទេសនៅកម្ពុជា ពីឆ្នាំ១៩៤៥-២០២០» និពន្ធដោយបណ្ឌិត RAOUL MARC JENNAR

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសៀវភៅ «នយោបាយការបរទេសនៅកម្ពុជា ពីឆ្នាំ១៩៤៥-២០២០» (La Politique etrangere du Cambodge 1949-2020) និពន្ធដោយបណ្ឌិត RAOUL MARC JENNAR និងមានការចូលរួមពី លោកបណ្ឌិត RAOUL MARC JENNAR, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បុគ្គលិកអប់រំ អ្នកពាក់ព័ន្ធជាតិនិងអន្តរជាតិ និងសិស្សនិស្សិតដេប៉ាតឺម៉ង់ ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់ លោកបណ្ឌិត Raoul Marc JENNAR អំពីសៀវភៅរបស់គាត់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលបារាំង ដែលបានជួយគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះលោកបណ្ឌិតផ្ទាល់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តក្នុងការនិពន្ធសៀវភៅដ៏មានតម្លៃនេះឡើង ក្នុងគោលដៅផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងជួយបំផុសគំនិតដល់និស្សិត អ្នកស្រាវជ្រាវ និងយុវជនឱ្យមានការយល់ដឹង និងចាប់អារម្មណ៍កាន់តែខ្លាំងចំពោះប្រវត្តិសាស្ត្រនយោបាយការបរទេសកម្ពុជា ដែលសិស្សនិស្សិត និងអ្នកស្រាវជ្រាវ អាចប្រើប្រាស់សៀវភៅនេះ ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពក្នុងការវិភាគបញ្ហាដែលទាក់ទងនឹងអតីតកាល ក៏ដូចជាបរិបទបច្ចុប្បន្នផងដែរ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដោយបានបញ្ជាក់ថាព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់ផ្សព្វផ្សាយស្នាដៃនិពន្ធរបស់លោកបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកចំណេះដឹង និងការពិភាក្សាដ៏មានអត្ថន័យរវាងអ្នកនិពន្ធ និងសិស្សនិស្សិតកម្ពុជា ក្នុងគោលដៅជំរុញឱ្យសិស្សនិស្សិត បង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយ ឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងអាជីពរបស់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

