ក្រុមមន្ត្រីអង់គ្លេស បានជួបពិភាក្សាជាមួយប្រទេស ២០ ដែលចាប់អារម្មណ៍ ចូលរួមក្នុងក្រុមចម្រុះមួយដើម្បីជួយដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ មន្ត្រីអង់គ្លេសម្នាក់ បានឱ្យដឹងថា ក្រុមមន្ត្រីអង់គ្លេសបានជួបពិភាក្សាជាមួយប្រទេសប្រហែល ២០ ដែលចាប់អារម្មណ៍ ចូលរួមក្នុងក្រុមចម្រុះមួយដើម្បីជួយដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់។
ការពិភាក្សានោះ រួមមានជាមួយ ដៃគូអឺរ៉ុប និងប្រទេស Commonwealth ដោយជជែកទៅលើរបៀបដែលប្រទេសនានា អាចរួមចំណែកជួយដល់អ៊ុយក្រែន នៅដំណាក់កាលដំបូង ករណីដែលមានបទឈប់បាញ់។ មន្ត្រីរូបនេះ បាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពិតណាស់ យើងស្វាគមន៍ការចូលរួមកាន់តែច្រើន ពីដៃគូអឺរ៉ុប និងប្រទេស Commonwealth»។
ចក្រភពអង់គ្លេស និងបារាំង កំពុងដឹកនាំកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមប្រទេស ដែលត្រៀមខ្លួនជួយការពារបទឈប់បាញ់ ក្នុងករណីដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន អាចឈានដល់ការសម្រេចបាន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយកងទ័ពទៅអ៊ុយក្រែន ដើម្បីធានាថាបទឈប់បាញ់ត្រូវបានគោរព ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ប៉ុន្តែមិនបានបញ្ជាក់លម្អិត ថាកងទ័ពពួកគេមានតួនាទីអ្វីនោះទេ៕

