អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនគរបាលសហព័ន្ធអូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ និងការចែករំលែកព័ត៌មានរវាងគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ឆ្នាំ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូអមចំនួន ៤រូប នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ មានកិច្ចប្រជុំជំនួបពិភាក្សាគ្នាអំពីឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងបញ្ហាប្រឈមផ្សេងៗ តាមការស្នើសុំជំនួបពីនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ដឹកនាំដោយលោកស្រី Lesa Gale ស្នងការរង នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) និងប្រតិភូអមចំនួន ៣រូប។
ក្នុងជំនួបកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចែករំលែកបទពិសោធន៍ដឹកនាំរបស់ឯកឧត្តម និងករណីធំៗដែលទទួលបានជោគជ័យពីមន្ត្រីអនុវត្តច្បាប់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមក ក្នុងនោះមានដូចជាជំនួយបច្ចេកទេស និងការផ្តល់វគ្គបណ្តុះបណ្តាលស្រាវជ្រាវ ស៊ើបអង្កេត វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។
ជាចុងក្រោយក្នុងជំនួបនៃកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ និងការចែករំលែកព័ត៌មានរវាងគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ ក៏ដូចជាការជួញដូរគ្រឿងញៀនឆ្លងដែនពីបណ្តាប្រទេសដទៃចូលមកកម្ពុជា។
បន្ថែមពីនោះនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នឹងនាំសំណើរបស់កម្ពុជាជូនដល់ថ្នាក់នាំ ដើម្បីបន្តជួយគាំទ្រផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងជំនួយឧបត្តម្ភផ្សេងៗទៀត ៕

