តុលាការព្រហ្មទណ្ឌថៃ បដិសេធសំណើរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការចាកចេញពីប្រទេស ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

បាងកក៖ តុលាការព្រហ្មទណ្ឌថៃ បានបដិសេធសំណើរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការចាកចេញពីប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី។
លោក ថាក់ស៊ីន កំពុងប្រឈមនឹងការចោទប្រកាន់តាមមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) បានដាក់សំណើនៅតុលាការព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមីនា។
ក្រោយសវនាការ តុលាការបានសម្រេចនៅម៉ោង៣ រសៀលថា មានហេតុផលមិនគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យលោក ថាក់ស៊ីន ចាកចេញពីប្រទេស។
គួររំឭកថា កាលពីខែមករា តុលាការបានផ្តល់ការអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ ដោយតម្រូវឱ្យបង់ប្រាក់ធានាចំនួន៥លានបាត និងរាយការណ៍ពេលត្រឡប់មកវិញក្នុងរយៈពេលបីថ្ងៃ។
កាលពីខែកុម្ភៈ លោកត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែត្រូវបានបដិសេធមិនអនុញ្ញាតឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងកម្ពុជា។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីត្រៀមធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង លោក អាន់វ៉ា និងនាយករដ្ឋមន្ត្រីថៃ លោក ផែថងថាណ ស៊ីណាវ៉ាត្រា កូនស្រីរបស់លោកថាក់ស៊ីន។
លោក អាន់វ៉ា បញ្ជាក់ថា បទពិសោធដ៏ទូលំទូលាយរបស់លោក ថាក់ស៊ីន ក្នុងនាមជារដ្ឋបុរសនឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់បញ្ហាពាក់ព័ន្ធនឹងអាស៊ាន។ ការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាត្រូវបានគេមើលឃើញថា ជាចលនាយុទ្ធសាស្ត្រ ជាពិសេសក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ស្មុគស្មាញ ដូចជាវិបត្តិមីយ៉ាន់ម៉ាដែលកំពុងបន្ត នៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អាស៊ាន៕
