រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះយើងបានធ្វើការជួបជុំជាមួយស្ត្រី ក្នុងក្របខណ្ឌសាលាខេត្តព្រះសីហនុ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នារីរបស់យើងមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងគ្រួសារ សេដ្ឋកិច្ច ការប្រកបអាជីវកម្ម ពិសេសការគ្រប់គ្រងក្រុមគ្រួសារ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ហើយសិទ្ធិនេះយើងមានរាល់ថ្ងៃ បុរសធ្វើអ្វីបាន នារីក៏មានសមត្ថភាពចាត់ចែងការងារបានដូចគ្នា សិទ្ធិសេរីភាពនេះ គឺមានភាពស្មើគ្នាវាអា ស្រ័យទៅនឹងការឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងហាត់ពត់លត់ដំហ្វឹកហ្វឺនជំនាញរៀងៗខ្លួន នារីរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមសម្រាប់អាជីពការងារជាមន្ត្រីរាជការមានឱកាសបំរើប្រជាពលរដ្ឋ បំរើជាតិមាតុភូមិ ដូច្នេះសូមអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈការបំរើសេវាសាធារណជូនដល់សាធារណជនក្នុងផ្នែកសេដ្ឋកិច្ច និងសុខសុវត្ថិភាព យើងត្រូវតែខិតខំបន្ថែមទៀង ព្រោះយើងមានការផ្លាស់ប្តូរទៅបានបរិបទ នៃការរីកចម្រើននៃប្រទេសជាតិ សូមស្ត្រីនៅក្នុងអង្គភាពរដ្ឋបាលខេត្តចូលរួមអនុវត្តការងារឱ្យបានកាន់តែល្អបន្ថែមទៀត រាល់ការងារត្រូវមានលក្ខណៈល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃតាមលក្ខណៈបច្ចេកទេសលឿន និងមានប្រសិទ្ធភាព។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ត្រូវពិនិត្យមើលពីប្រសិទ្ធភាពការងារក្នុងការបំរើសេវាសាធារណ ពាណិជ្ជកម្ម ទេសចរណ៍ និងសុវត្ថិភាពសាធារណ ដើម្បីរួមចំណែកចូលរួមអភិវឌ្ឍ ព្រោះយើងមានការងារជាច្រើនទៀត ដែលត្រូវរួមគ្នាលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីក្នុងសង្គម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពសង្គមការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្រី និងក្មេងស្រី កម្ពុជាបាននឹងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យរួមទាំងសុវត្ថិភាពកំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងបានធ្វើជាគំរូស្ត្រីវ័យក្មេងប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសហគមន៍ទទួលបានលទ្ធផលរីកចម្រើន និងភាពរីករាយ៕

