បុរសម្នាក់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ក្រោយត្រូវខ្មាន់កាំភ្លើងលួចបាញ់ប្រហារ នៅស្រុកស្វាយលើ

ភ្នំពេញ៖ បុរសម្នាក់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ក្រោយត្រូវខ្មាន់កាំភ្លើងលួចបាញ់ប្រហារកាលពីថ្ងៃទី០៤មីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា មានអំពើឃាតកម្ម បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ៥០ឆ្នាំ ជាភ្នាក់ងារអភិរក្សប្រាសាទបាត់ជីវិត ភ្លាមៗលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ ព្រមទាំងកាំភ្លើងកែច្នៃចំនួនមួយចំនួន រួមជាមួយសម្ភារមួយចំនួនទៀត នាំយកមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ទោះយ៉ាងណា បន្ទាប់ពីធ្វើការសាកសួររួច នៅចំពោះមុខកម្លាំងជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា រូបគេពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែច្នៃ បាញ់ទៅលើបុរសជាជនរងគ្រោះប្រាកដមែន មូលហេតុដោយសារមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយឈ្មោះ ភឿន ផិត បានវាយរូបគេចំនួន០២កៅអី ធ្វើឱ្យរូបគេមានកំហឹង ក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំដឹងថាបាញ់ច្រឡំចំទៅលើជនរងគ្រោះឈ្មោះ ឌុក ឌឿម ទៅវិញ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

