សម្តេចបវរធិបតី៖ កម្ពុជាប្ដេជ្ញាចិត្តធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព ដើម្បីផ្តល់លទ្ធភាព ចូលទៅកាន់ទីផ្សារអាស៊ាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្ដេជ្ញាចិត្តចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និងអាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។
សម្តេចបវរធិបតី បានបញ្ជាក់ថា ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន, កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ ក្នុងនោះ ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និងអាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាក៏បាននិងកំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំកំពូលធុរកិច្ច ដូចព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ដើម្បីផ្តល់ឱកាសសហការដ៏មានតម្លៃ។ អភិក្រម ប្រកបដោយជវភាពនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង លើការពង្រឹងទំនាក់ទំនងក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា និងភាពគ្រប់ជ្រុង-ជ្រោយ។ នៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, យើងផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក។ យើងផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន។
សម្ដេចបវរធិបតី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង។ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦ភាគរយ ពី ៤៦,៨២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដល់ ៥៤,៧៤ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ៕

