សម្តេចធិបតី ស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងកិច្ចពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ទាំងសមត្ថភាពភាសាបរទេស ក៏ដូចជាចំណេះដឹងច្បាស់លាស់ អំពីប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ជំនឿសាសនា ជាដើម។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នានា នៅតាមទីតាំងប្រវត្តិសាស្ត្រផ្សេងទៀត ទោះបីជាមិនទាន់ក្លាយជាបេតិកភណ្ឌពិភពលោកក្តី តែជា បេតិកភណ្ឌជាតិយើង សូមជួយថែរក្សាទីតាំងបុព្វបុរសយើងទាំងប៉ុន្មាន ឱ្យមានរបៀបរៀបរយ បរិស្ថានស្អាត ដោយមិនត្រូវទុកទីតាំងនោះ ក្នុងស្ថានភាពស្ងប់ស្ងាត់ ខ្វះភាពទាក់ទាញ ខ្វះការរៀបចំនោះឡើយ។
សម្តេចបវរធិបតី បានថ្លែងលើកទឹកចិត្ត ដល់អាជ្ញាធរពាក់ព័ន្ធ បន្តសកម្មភាពតម្រង់ទិសបន្ថែមទៅដល់ទីតាំង ប្រាសាទផ្សេងទៀត ឱ្យមានអនាម័យ និងសណ្តាប់ធ្នាប់ខ្ពស់ បៃតងគ្រប់រដូវ ៕

