មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ RFI ទាក់ទងទៅនឹង ពលរដ្ឋអតីតទាហានខ្មែរក្រហមក្បែរជើងភ្នំដងរែកត្អូញត្អែរពីកង្វះសេវាសុខភាពនៅមន្ទីរពេទ្យបង្អែកអន្លង់វែង

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូមធ្វើការបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុបារាំង អន្តរជាតិ (RFI YouTube channel និង facebook page) ដែលបានចុះផ្សាយព័ត៌មាន នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ទាក់ទងទៅនឹងពលរដ្ឋអតីតទាហានខ្មែរក្រហមក្បែរជើងភ្នំដងរែកស្នើរដ្ឋាភិបាលកែលម្អសេវាសុខភាព បន្ថែមពី នោះបានត្អូញត្អែរពីកង្វះសេវាសុខភាពនៅមន្ទីរពេទ្យបង្អែកអន្លង់វែង។
ភ្លាមៗនោះរដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិអន្លង់វែងបានចុះស្រាវជ្រាវដល់សហគមន៍និងសូមធ្វើការបំភ្លឺទៅនឹងព័ត៌មានដែលចុះមិនត្រឹមត្រូវ ដែលធ្វើ អោយសាធារណៈជនមានការយល់ច្រលំ។ លោកពូ ម៉ែន អុយ បានមានប្រសាសន៍ថាមានជនមួយក្រុមមកសុំគាត់ ផ្តល់បទសម្ភាសន៍អំឡុងពេលចុងឆ្នាំ២០២៤ ដោយបានសួរនាំអំពីការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកអន្លង់វែង រឿងនេះកើតមានតាំងពីទើបធ្វើសមាហរណកម្មហើយ អំឡុងឆ្នាំ១៩៩៩-២០០០ ដោយគាត់ បានបញ្ជាក់ប្រាប់ក្រុមការងារថា អ្វីដែលគាត់និយាយមិនសំដៅលើស្ថានភាពបច្ចុប្បន្ននេះទេ។
យោងតាមព័ត៌មានដែលទទួលបានពីការចុះស្រាវជ្រាវនេះ ឃើញថាការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI YouTube channel) មានលក្ខណៈមិនមានវិជ្ជាជីវៈ មិនគ្រប់ជ្រុងជ្រោយ មិនច្បាស់លាស់និង មិនបានផ្សាយអោយ បានត្រឹមត្រូវតាមសម្តីរបស់លោកពូ ម៉ែន អុយ ដោយយកតែចំនុចអវិជ្ជមាននៃបទសម្ភាសន៍ដំណាលរឿងកាលពីជាង២០ឆ្នាំមុនមកចុះផ្សាយរិះគន់មកលើវិស័យសុខាភិបាលដែលមានលក្ខណៈខុសពីស្ថានភាព បច្ចុប្បន្ន។
ជាក់ស្តែងមន្ទីរសុខាភិបាល បានធ្វើការពង្រឹងជាបន្តបន្ទាប់នៅមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្តរួមទាំងមន្ទីរ ពេទ្យបង្អែកអន្លង់វែងផងដែរដែលបាននឹងកំពុងផ្តល់សេវាពិនិត្យថែទាំព្យាបាលអ្នកជំងឺដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ឋានៈ បន្ថែមលើនោះរឹតតែយកចិត្តទុកដាក់ដល់ជនងាយរងគ្រោះ ព្រះសង្ឃ ជនចាស់ជរា ស្ត្រី និងកុមារ មិនក្នុងនោះយើងបានអនុវត្តកម្មវិធីគាំពារសង្គមតាមរយៈមូនិធិសមធម៌និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីគាំពារជន ក្រីក្រអោយបានទទួលសេវាដោយសមភាព ព្រមទាំងមានការលើកលែងការបង់ថ្លៃសេវាចំពោះជនក្រីក្រដែលមិនមាន ប័ណ្ណផងដែរ។ ចំពោះឥរិយាបទរបស់គ្រូពេទ្យក៏ត្រូវបានកែប្រែជាវិជ្ជមាន។ ជាក់ស្តែងសូម្បីកូនស្រីរបស់លោកពូ ម៉ែន អុយ ផ្ទាល់ក៏ធ្លាប់បានមកទទួលសេវាសម្រាលកូនទាំងពីររបស់គាត់ នៅមន្ទីរពេទ្យបង្អែកអន្លង់វែង និងមណ្ឌលសុខភាព ត្រពាំងប្រិយ៍ថែមទាំងបានសរសើរពីការផ្តល់សេវារបស់មូលដ្ឋានទាំងពីរកន្លែងផងដែរ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែងសូមធ្វើការច្រានចោលទាំងស្រុងនូវ ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវហើយស្នើសុំអោយអង្គភាព RFI ធ្វើការកែសម្រួលព័ត៌មានរបស់ខ្លួនឡើងវិញ ដើម្បី ចៀសវាងសាធារណៈជនមានការយល់ច្រឡំ។
អាស្រ័យហេតុនេះសូមសាធារណៈជននិងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបព័ត៌មាន ៕

