ក្រុមការងារ អ.ប.ព. ២៤៣រូប ចូលរួមសង្កេតការណ៍ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ ក្នុងវិស័យសុខាភិបាល ឆ្នាំ ២០២៤-២០២៥

ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំ ២០២៤-២០២៥ ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ដើម្បីធានាបាននូវគោលការណ៍ខាងលើ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ២៤៣រូប ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃ អ.ប.ព. ចូលរួមសង្កេតការណ៍ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ ដែលបេក្ខជនមានសិទ្ធិប្រឡងសរុប ១០,៥២៨រូប ជ្រើសរើស ៤,០៥៥រូប ស្មើ ៣៩% នៃបេក្ខជនសរុប។
ការប្រឡងបែងចែកជា ៤មណ្ឌលប្រឡង រួមមាន៖ ១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ២.វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក, ៣. វិទ្យាល័យ បាក់ទូក និង ៤. វិទ្យាល័យ ឥន្រ្ទទេវី។ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើមុខវិជ្ជាចំនួន៣ រួមមាន៖ ជីវៈវិទ្យា គីមីវិទ្យា និងគណិតវិទ្យា។ គិតចាប់ពីឆ្នាំ២០២២ មក នេះជាលើកទី៤ ដែល អ.ប.ព. ចូលរួមសង្កេតការណ៍។
បន្ទាប់ពីការប្រឡងនេះ អ.ប.ព. នឹងបន្តចូលរួមសង្កេតការណ៍រហូតដល់ប្រកាសលទ្ធផលស្ថាពរ ៕

