ឯកឧត្ដម ហួត ហាក់៖ អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំពិចារណាផ្តល់ការលើកលែងការ ពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រប់រដូវកាលបៃតង

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំពិចារណាផ្តល់ការលើកលែងការ ពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រប់ រដូវកាលបៃតង ដើម្បីសម្រួលបន្ទុកអនុលោមភាពអាជីវកម្មក្នុងអំឡុងពេលនេះ។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្ដ ហួត ហាក់ បានបញ្ជាក់ថា អង្គសន្និបាតក្រសួងទេសចរណ៍រយៈពេល១ថ្ងៃកន្លះ បានបង្ហាញនូវការអបអរសារទរ ចំពោះការដាក់ដំណើរការ ការសាកល្បងតំបន់ថ្មើជើង (Walk Street) នៅតាមមាត់ទន្លេចតុមុខរាជធានីភ្នំពេញ និងស្នើឱ្យខេត្តផ្សេងរៀបចំតំបន់ថ្មើជើងដូចភ្នំពេញដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតឱ្យមានតំបន់ថ្មើជើងនេះបានបង្ហាញ និងផ្សព្វផ្សាយផលិតផលអនុស្សាវរីយ៍ខ្មែរ ផលិតផលខ្មែរសម្បូរបែប និងម្ហូបខ្មែរ ដែលជាហេតុផលមួយ ក្នុងការទាកទាញភ្ញៀវទេសចរ ឲ្យចូលមកកម្ពុជា បានដឹង និងស្គាល់ពីផលិតផលខ្មែរ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងពីការងាអាទិភាព លើការគ្រប់គ្រង និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដែលអង្គសន្និបាតកំណត់យកចិត្តទុកដាក់ ដោយក្នុងនោះអង្គសន្និបាតបានកត់សម្គាល់ពីសមិទ្ធផលការងារលើការគ្រប់គ្រង និងពង្រឹងគុណភាពសេវាកម្មរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីខេត្តរួមមាន៖ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការអនុវត្តបុរេសកម្មក្នុងការគ្រប់គ្រងថ្លៃសេវាកម្ម, ការចុះពិនិត្យ និងជំរុញការអនុវត្តស្តង់ដាសេវាកម្ម និងការរៀបចំនិងសហការរៀបចំការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ពិសេសការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍៕

