សម្ដេចបវរធិបតី លើកទឹកចិត្តឲ្យពលរដ្ឋ និងអ្នកបង្កើតមាតិកា ចូលរួមផ្សព្វផ្សាពីសក្ដានុពលទេសចរណ៍កម្ពុជា ឱ្យបានច្រើនទៅកាន់ពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកបង្កើតមាតិកានានា ចូលរួមផ្សព្វផ្សាពីសក្ដានុពលទេសចរណ៍កម្ពុជា ឱ្យបានច្រើនទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវសទេសចរមកទស្សនាកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា ពលរដ្ឋម្នាក់ គឺជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍មួយរូប ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលិតផល ក្នុងវិស័យទេសចរណ៍ ក៏ដូចទៅនឹងការធ្វើស្រែដែរ គឺមិនអាចរកចាំតែទឹកភ្លៀងទេ ប៉ុន្ដែត្រូវមានការកែច្នៃ ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរបរទេសនានាមកទស្សនាកម្ពុជាឱ្យបានច្រើនគ្រប់រដូវកាល ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ទេសចរក្នុងស្រុក ៕

