ឯកឧត្តម សួស ប្រាថ្នា អរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនពលរដ្ឋនិងប្រទេសជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានថ្លែងស្វាគមន៍និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសជាតិក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ បន្ទប់មក ឯកឧត្តមប្រធានអង្គប្រជុំ ធ្វើការគូសបញ្ជាក់លើការងារសំខាន់ៗលើរបាយការណ៍ រួមមកក៏បានដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សា ព្រមទាំងលើកឡើងនូវមតិយោបល់ និងពិនិត្យសម្រេច។
ជាកិច្ចបញ្ចប់ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការបូកសរុបលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តបន្ត ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ពង្រឹងការងារឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងការបំពេញការងារស្នូល និងការងារសំខាន់ៗផ្សេងទៀត ជាពិសេសការរៀបចំលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តអាទិភាព ការត្រៀមរៀបចំវេទិកា ការចុះត្រួតពិនិត្យវាយតម្លៃលើការងាររបស់រដ្ឋបាលរាជធានី ខេត្ត និងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែននៅថ្ងៃខាងមុខនេះ៕

