សម្តេចធិបតី៖ បញ្ហាខ្វះអាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាខ្វះអាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ ដែលទាមទារឱ្យចេះឆ្នៃប្រឌិត តាមលទ្ធភាពកំពុងមាន ហើយបន្តចូលរួមដើម្បីឱ្យកាន់តែប្រសើរ ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា មនុស្សបន្តកើនឡើង ពោលសិស្សានុសិស្ស មានច្រើនជាងអាគារសិក្សា ទាំងអាគារចាស់ៗ និងអាគារដែលកំពុងសាងសង់ថ្មីជាបន្តបន្ទាប់ ខណៈអាគារចាសៗ ក៏ត្រូវការជួសជុល ឬកែសម្រួលបន្ថែម ដូច្នេះទាមទារឱ្យចេះប្រើប្រាស់យន្តការឆ្នៃប្រឌិត តាមរយៈយន្តការស្វែងដំណោះស្រាយទៅតាមថវិកា ដែលមានកម្រិតជាបណ្តើរៗ កុំចាំទាល់តែមានថវិកាពេញលេញ ។
សម្តេចធិបតី យល់ឃើញថា បើមានអគារសិក្សាល្អៗ នឹងជួយជំរុញកាន់តែប្រសើរជាងនេះ តែបើសិនជាមិនទាន់មាន ក៏មិនត្រួវឱ្យអាក់ខាន ក្នុងការសិក្សារបស់សិស្សានុសិស្សនោះដែរ ។
សម្តេចធិបតី ក៏បានអំពាវនាវ និងថ្លែងអំណរគុណ ចំពោះសប្បុរសជន ក៏ដូចជាដៃគូនានា ដែលបានជួយគាំទ្រ ដល់វិស័យអប់រំរបស់កម្ពុជា តាមរយៈការឧបត្ថម្ភទាំងថវិកា សម្ភារៈ និងបរិក្ខាជាដើមនាពេលកន្លងមក៕

