សិស្សនគរបាល នៃសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ទទួលបានការឈ្វេងយល់អំពីរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ នៃសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ប្រមាណជា ១៥០រូប បានទទួលការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកថែទាំសុខ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាពឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកវរសេនីយ៍ឯក អៃ នរ៉ា នាយកសាលានគរបាលជាតិភូមិភាគ១ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងឡើងថា ការផ្ដល់ការថែទាំសុខភាព ជូនដល់និស្សិតនគរបាល និងសិស្សនគរបាលនេះ ផ្ដើមចេញពីរាជរដ្ឋាភិបាលដែលបានដាក់ចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល ហើយនេះក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់សិស្ស និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្ដិសុខជាតិ ដែលនៅពេលឈឺថ្កាត់ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដោយទទួលបានការព្យាបាលទាន់ពេលវេលា ការពារបាននូវការចំណាយផ្ទាល់ខ្លួនដើម្បីព្យាបាលអំឡុងពេលកំពុងសិក្សានេះផងដែរ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ថែមទៀតថា ការផ្ដល់ជូននេះ បច្ចុប្បន្នផ្ដល់ជូនចំពោះតែសាមីខ្លួនដែលជាសិស្ស និស្សិតនគរបាលប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលសិស្ស និស្សិតនគរបាលទាំងអស់បញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្លាយជាមន្រ្ដីរាជការពេញសិទ្ធិ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយផ្ដល់ជូនការគាំពារសុខភាពមួយនេះដល់ ប្ដីឬប្រពន្ធ និងកូនៗ ក្នុងបន្ទុកផងដែរ ដែលរាល់បន្ទុកចំណាយបង់ភាគទានជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង។
ក្នុងឱកាសជាមួយគ្នានេះ លោកវរសេនីយ៍ឯក អៃ នរ៉ា នាយកសាលានគរបាលជាតិភូមិភាគ១ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស. ៕

