ប្រធានាធិបតីចិន សាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់រដ្ឋធានីមូស្គូ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងការសន្ទនាតាមទូរសព្ទ ជាមួយសមភាគីរុស្ស៊ី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់រដ្ឋធានីមូស្គូ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទទី២៤កុម្ភៈ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ បន្ថែមលើនេះ លោក ស៊ី ប្រាប់លោក ពូទីន ថា ចិន និងរុស្ស៊ី មិនអាចឃ្លាតឆ្ងាយពីគ្នាបានទេ។ ជំនួបនេះកើតឡើងស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយបុរសខ្លាឃ្មុំទឹកកក។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររាយការណ៍ថា លោក ស៊ី និយាយថា ចិនរីករាយដែលឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងជាវិជ្ជមាន ដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ រដ្ឋធានីមូស្គូ និងរដ្ឋធានីប៉េកាំង បានពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន ទោះបីជាប្រទេសចិនព្យាយាមពណ៌នាខ្លួនឯងថា ជាភាគីអព្យាក្រិត។ រដ្ឋធានីប៉េកាំង នៅតែជាដៃគូនយោបាយ និងសេដ្ឋកិច្ចជិតស្និទ្ធរបស់រដ្ឋធានីមូស្គូ ហើយមិនដែលថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី នាំឱ្យសមាជិកណាតូមួយចំនួនហៅរដ្ឋធានីប៉េកាំងថា ជាអ្នកបើកដៃឱ្យមានជម្លោះ។ ជុំវិញទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី លោក ស៊ី លើកឡើងថា ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថា ប្រទេសទាំងពីរ គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្ដូរបាន ហើយមិត្តពិតដែលចែករំលែកភាពសុខដុមរមនា គាំទ្រគ្នាទៅវិញទៅមក និងសម្រេចបានការអភិវឌ្ឍរួមគ្នា។
វិមានក្រឹមឡាំង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានប្រាប់លោក ស៊ី អំពីកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន ជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីបីឆ្នាំមុន។ សេចក្តីថ្លែងការណ៍បន្តថា ភាគីចិន ក៏បានសម្ដែងការគាំទ្រចំពោះការចាប់ផ្តើមកិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក៏ដូចជាការត្រៀមខ្លួន ដើម្បីជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន។ ភាគីទាំងពីរបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំ ដោយលោក ស៊ី បានហៅមេដឹកនាំរុស្ស៊ីថា ជាមិត្តល្អបំផុតរបស់ខ្លួន ហើយលោក ពូទីន បានសរសើរដៃគូដែលអាចទុកចិត្តបាន។
ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃគម្រប់ខួបបីឆ្នាំចាប់តាំងពីការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការចាប់ផ្តើមនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» បង្កជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ កិច្ចពិភាក្សាយ៉ាងជិតស្និទ្ធរវាងមេរបបកុម្មុយនីស្ដទាំង២ កើតឡើងនៅពេលដែលជំហររបស់រដ្ឋធានីម៉ូស្គូ នៅលើឆាកអន្តរជាតិឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ខណៈលោក ត្រាំ មានទំនាក់ទំនងកាន់តែច្រើនជាមួយលោកពូទីន នៅក្នុងការជំរុញរដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មន្ត្រីអាម៉េរិក និងរុស្ស៊ី នៅរាជធានីរីយ៉ាដកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ជឿថាមានលទ្ធភាពខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនាពេលអនាគតរវាងរដ្ឋធានីវ៉ាស៊ីនតោន និងមូស្គូ ក្នុងចំណោមចំណុចសំខាន់ៗចំនួនបួន ដែលបានពិភាក្សា៕

