សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ក្រោយធ្វើសកម្មភាពសម្លាប់ប្រពន្ធ និងបានកាប់ប្រហារកូនស្រី២នាក់បណ្ដាលឱ្យរងរបួស

ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យជាឃាតកម្នាក់ ក្រោយធ្វើសកម្មភាពសម្លាប់ប្រពន្ធ និងបានកាប់ប្រហារកូនស្រី២នាក់បណ្ដាលឱ្យរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ មុំ ហុង អាយុ៧០ឆ្នាំ ប្រើប្រាស់កាំបិតខ្វែវប្រភេទកែច្នៃ កាប់ទៅលើស្ត្រីជាភរិយាឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចបន្តកាប់ទៅលើកូនស្រី២នាក់ បណ្ដាលឱ្យរងរបួសធ្ងន់-ស្រាល។
ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរ និងកត់កំណត់ហេតុកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។
យ៉ាងណា បន្ទាប់ធ្វើការសាកសួររួច នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើបានសារភាពថា មុនពេលកើតហេតុ រូបគេបានសុំទូរសព្ទប្រពន្ធមើល ដោយសង្ស័យថា ជនរងគ្រោះជាប្រពន្ធនោះ មានទាក់ទងប្រុសផ្សេង និងបានគំរាមជនរងគ្រោះឱ្យប្រយ័ត្នខ្លួន ខណៈជនរងគ្រោះជាប្រពន្ធខឹង ក៏នាំកូនស្រីទាំង២នាក់ទៅដេកនៅរោងគោ ផ្ទះបងបង្កើត ក្រោយមកជនសង្ស័យមកហៅឱ្យទៅដេកផ្ទះវិញ តែជនរងគ្រោះជាប្រពន្ធមិនព្រមទៅ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យប្រដាប់ដោយកាំបិតខ្វែវប្រភេទកែច្នៃ មកធ្វើសកម្មភាពកាប់ជនរងគ្រោះ និងកូនៗតែម្ដង។
បច្ចុប្បន្ន ជនជាប់ចោទជាឃាតករួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

