ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាលោកកំពុងព្យាយាមយកត្រឡប់មកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលត្រូវបានចំណាយទៅលើការគាំទ្រសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយថាលោកកំពុងព្យាយាមយកត្រឡប់មកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលត្រូវបានចំណាយទៅលើការគាំទ្រសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលលោក ត្រាំ ចង់បានជាសំណងសម្រាប់ការផ្ដល់ជំនួយរបស់អាមេរិក នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដល់អ៊ុយក្រែន។
ថ្លែងទៅកាន់គណៈប្រតិភូនៅឯអង្គការ សន្និសីទ សកម្មភាពនយោបាយ អភិរក្ស និយម ហៅ កាត់ថា CPAC ក្បែរទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងព្យាយាមយកលុយត្រឡប់មកវិញ ឬក្រោមកិច្ចព្រមព្រៀងអ្វីមួយ»។
លោកបន្ត «ខ្ញុំចង់ឱ្យពួកគេ (អ៊ុយក្រែន) សងអ្វីមួយមកពួកយើងវិញ ជាសំណងទៅនឹងលុយដែលយើងបាន ផ្ដល់ឱ្យពួកគេ។ យើងកំពុងស្នើសុំរ៉ែកម្រ និងប្រេង រួមទាំងអ្វីផ្សេងទៀតដែលយើកអាចយកមកវិញបាន»។
គួរបញ្ជាក់ថា បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg ដែលបានជួបជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី កាលពីដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថាលោក ហ្សេលេនស្គី យល់ស្រប ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺជារឿងសំខាន់។ តែប្រភពមួយបានប្រាប់ AFP ថាទីក្រុងកៀវចង់បានការធានាមួយជាមុនសិន ហើយថាលោក ហ្សេលេនស្គីមិនទាន់ត្រៀមខ្លួន រួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ទោះជាមានសម្ពាធពីលោក ត្រាំ ក៏ដោយ៕

