វៀតណាម ចេញផ្សាយផែនទីដែលកំណត់ការទាមទារជាមូលដ្ឋាន របស់រដ្ឋធានីហាណូយ នៅឈូងសមុទ្រតុងកឹង ជាទឹកដីដែលវៀតណាមខណ្ឌចែកព្រំដែនសមុទ្រជាមួយចិន

ហាណូយ៖ ក្រសួងការបរទេសវៀតណាម កាលថ្ងៃទី២១ ខែកុម្ភៈ បានចេញផ្សាយផែនទីដែលកំណត់ការទាមទារជាមូលដ្ឋានរបស់រដ្ឋធានីហាណូយនៅឈូងសមុទ្ទតុងកឹង ជាទឹកដីដែលវៀតណាមខណ្ឌចែកព្រំដែនសមុទ្ទជាមួយនាគរាជចិន។ ការកំណត់ផែនទីថ្មីរបស់ប្រទេសសង្គមនិយមវៀតណាមលើដែនសមុទ្ទនេះ គឺដើម្បីជួយការពារ និងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ជាពិសេសដើម្បីគេចចេញពីក្រញាំពិសនាគរាជអាស៊ី[ចិន]។
ក្រសួងការបរទេសវៀតណាម បានគូសបន្ទាត់នៅលើផែនទីដែលមាន ១៤ចំណុចដែលរត់ពីឈូងសមុទ្ទខេត្តក្វាងនិញ(Quang Ninh) ទៅខេត្តក្វាងទ្រី(Quang Tri)។ ក្រសួងនេះបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«វៀតណាមបង្កើតមូលដ្ឋានច្បាប់បន្ថែមដើម្បីការពារ និងពង្រឹងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម បម្រើការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងដែនសមុទ្ទ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
ក្រសួងការបរទេសវៀតណាមបង្ហាញថា ខ្សែបន្ទាត់មូលដ្ឋានគឺជាមូលដ្ឋានសម្រាប់កំណត់ព្រំដែន និងវិសាលភាពនៃតំបន់ដែនសមុទ្ទរបស់វៀតណាម ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ និងកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្ទតុងកឹង ដែលបានចុះហត្ថលេខារវាងវៀតណាម-ចិនក្នុងឆ្នាំ២០០០។ យ៉ាងណា ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះចំណាត់ការរបស់វៀតណាមទេ។
សូមរំឭកថា កាលពីខែមីនា ឆ្នាំមុន ចិនបានប្រកាសពីគោលជំហររបស់ខ្លួននៅឈូងសមុទ្ទតុងកឹង ហើយជាការឆ្លើយតប វៀតណាមបានប្រតិមកម្មថា ច្បាប់អន្តរជាតិ និងសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសផ្សេងទៀតត្រូវតែគោរព។ គួរបញ្ជាក់ថា ផែនទីកំណត់ដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខថ្មីរបស់វៀតណាមកំពុងក្លាយជាប្រធានបទរលាកនៅក្នុងសមុទ្ទចិនខាងត្បូង ដែលប្រទេសចិន វៀតណាម ហ្វីលីពីន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា៕

