អឺរ៉ុប មានលទ្ធភាពការពារខ្លួនឯង ដោយគ្មានការគាំទ្រពីអាមេរិក ប៉ុន្តែនឹងត្រូវការការចំណាយប្រហែល ២៦១.៦ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ

ប្រ៊ុចសែល៖ អឺរ៉ុប មានលទ្ធភាពការពារខ្លួនឯង ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ប៉ុន្តែនឹងត្រូវការការចំណាយប្រហែល ២៥០ ពាន់លានអឺរ៉ូ (២៦១.៦ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ លើការវិនិយោគក្នុងវិស័យការពារជាតិ នេះបើតាមការសិក្សាមួយ ដែលត្រូវបានចុះដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវ Bruegel និងវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា ការចំណាយនេះ ស្មើនឹង ១.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប ដែលនឹងអាចឱ្យអឺរ៉ុបដាក់ពង្រាយកម្លាំងទ័ព ប្រមាណ ៣០០,០០០ នាក់ ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី។
ទោះបីជាអឺរ៉ុបមានលទ្ធភាពផ្នែកហិរញ្ញវត្ថុក៏ដោយ ក៏ការសិក្សាបានកត់សម្គាល់ថា ការសម្របសម្រួលផ្នែកការពារជាតិនៅក្នុងទ្វីប ដែលទាមទារឱ្យមានការសហការ និងរៀបចំផែនការរួមគ្នាកាន់តែប្រសើរ នៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធជាតិ។
គួរបញ្ជាក់ថា ការសិក្សានេះ ត្រូវបានធ្វើឡើង ក្នុងបរិបទនៃសម្ពាធកាន់តែខ្លាំងពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យបណ្តាប្រទេសអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ ព្រមទាំងចំពេលមានការព្រមាន ពីមន្ត្រីអាមេរិកអំពីការពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកផ្នែកសន្តិសុខខ្លាំងពេក៕

