គណ:ប្រតិភូសាកលវិទ្យាល័យរបស់កូរ៉េ ធ្វើបទបង្ហាញស្តីពីគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់គាំទ្រសមាជិកសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ទី សុគន្ធ លេខាធិការគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា គណៈប្រតិភូសាកលវិទ្យាល័យ HANYANG CYBER នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកបណ្ឌិត .Seong Geun និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ HANYANG CYBER នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញធ្វើបទបង្ហាញស្តីពីគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់គាំទ្រសមាជិកសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដល់សមាជិក សមាជិការដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ឯកឧត្តម ទី សុគន្ធ បានជម្រាបជូនដល់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការដ្ឋសភា និងថ្នាក់នាំរបស់អគ្គលេខាធិកាដ្ឋានរដ្ឋសភា ពីគោលបំណងដែលគណ:ប្រតិភូជាន់ខ្ពស់របស់សាកលវិទ្យាល័យ HANYANG CYBER នៃសាធារណរដ្ឋកូរ៉េ មកធ្វើបទបង្ហាញជូនសមាជិក សមាជិការដ្ឋសភានិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះ គឺជាការចែករំលែកនូវបទពិសោធន៍ ជាពិសេសចង់បង្កើនកិច្ចសហប្រតិបត្តិការតាមរយ:អគ្គលេខាធិការដ្ឋានរដ្ឋសភាជាមួយសាកលវិទ្យាល័យ ដើម្បីជួយដល់ការ អភិឌ្ឍន៍សមត្ថភាពរបស់រដ្ឋសភា ជាពិសេសរបស់សមាជិក សមាជិការដ្ឋសភា និងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីជំនួយការគណ:កម្មការនានាដែលបម្រើការនៅក្នុងស្ថាប័នរដ្ឋសភា៕

