ព្រះមហាក្សត្រ៖ វត្តឧណ្ណាលោម ជាទីកន្លែងដែលបានផ្ដល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វត្តឧណ្ណាលោម គឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្ដល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គផងដែរ។
ក្នុងឱកាស ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានា ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលកត់សម្គាល់ថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ។
លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏ សំខាន់ដល់សង្គម តាំងតែពីបុរាណកាលរហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាងរួមមាន៖
ទី១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម។
ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។
ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏ សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។
ទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ៕

