ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងការយាមល្បាតពេលរាត្រី

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាលក្រុង/ស្រុក ពង្រឹងការយាមល្បាតពេលរាត្រី ដើម្បី បង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលទូទាំងខេត្ត បានបើកប្រតិបត្តិការ ចេញយាមល្បាត និងត្រួតពិនិត្យតាមភូមិសាស្ត្រស្មុគស្មាញ និងតាមទីប្រជុំជន ដើម្បីបង្កា បង្ក្រាបបទល្មើសគ្រប់ប្រភេទ។ ក្រៅពីនេះ កម្លាំងនគរបាលយើងក៏បានធ្វើការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង(ជាតិអាល់កុល) ផ្សព្វផ្សាយច្បាប់ចរារចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសសេវាការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ និង ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន ៕

