អ៊ុយក្រែន ទាមទារកងទ័ពដែលខ្លាំង១,៥លាននាក់ ពីលោកខាងលិច

បរទេស ៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចេញការទាមទារថ្មីមួយ ដល់អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានឲ្យដឹងថា គោលដៅរបស់ទីក្រុងគៀវ ក្នុងការចូលជាសមាជិកអង្គការណាតូ គឺមិនប្រាកដប្រជា។ ថ្លែងនៅក្នុងសន្និសិទ សន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ទីក្រុងកៀវត្រូវការកងទ័ពប្រមាណ ១,៥ លាននាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានព្រមានថា ប្រសិនបើអ៊ុយក្រែន មិនមែន ជាសមាជិកនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកទេនោះ ខ្លួនត្រូវតែកសាងសមត្ថភាព ការពាររបស់ខ្លួនរួមគ្នាជាមួយអឺរ៉ុបខាងលិច។
លោកបានបន្តអះអាងថា សមាជិកភាពណាតូ នៅតែជាជម្រើសដ៏ល្អបំផុត និងថោកបំផុត សម្រាប់សន្តិសុខអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅសប្តាហ៍នេះ បានពណ៌នាក្តីសង្ឃឹមរបស់ទីក្រុងកៀវ ចំពោះសមាជិកភាពរបស់អង្គការ ណាតូ ថា មិនប្រាកដប្រជា ដែលជាជំហរក្រោយមកត្រូវបានបញ្ជាក់ជាថ្មី ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
កាលពីខែមករា លោក ហ្សេលេនស្គី បានស្នើឱ្យដាក់ពង្រាយទាហាន អឺរ៉ុបយ៉ាងហោចណាស់ ២០០.០០០នាក់ជាកងរក្សាសន្តិភាពនៅអ៊ុយក្រែន ដើម្បីអនុវត្តកិច្ចព្រមព្រៀង សន្តិភាពដែលមានសក្តានុពលណា មួយជាមួយរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកផតឃែស្ថអាមេរិក Lex Fridman លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនមានបុគ្គលិកយោធាចំនួន ៩៨០.០០០នាក់កំពុងបម្រើការ។
