រដ្ឋមន្ត្រីការបរទេសអាមេរិក និងហ្វីលីពីន ពិភាក្សាគ្នាពីការសម្របសម្រួលទ្វេភាគីនៅសមុទ្ទចិនខាងត្បូង និងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក ម៉ាណាឡូ (Enrique Manalo) បានពិភាក្សាគ្នាកាលពីថ្ងៃសុក្រទី១៤កុម្ភៈ ក្នុងជំនួបនៅទីក្រុងមុយនិច អំពីការសម្របសម្រួលទ្វេភាគីនៅសមុទ្ទចិនខាងត្បូង និងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការណ៍នេះកើតឡើងចំពេលហ្វីលីពីនសម្ដែងក្ដីព្រួយបារម្ភជុំវិញការប៉ះទង្គិចផ្លូវអាកាសរវាងចិន និងអូស្ត្រាលីនៅសមុទ្ទចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក តាមមី ប្រ៊ូសេ (Tammy Bruce) បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«លោក រូប៊ីអូ មិនត្រឹមតែបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះសម្ព័ន្ធភាពសហរដ្ឋអាម៉េរិក-ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកត់សម្គាល់ពីភាពរីករាយរបស់លោកសម្រាប់ការកសាងទំនាក់ទំនងកាន់តែរឹងមាំ និងយូរអង្វែងផងដែរ»។
តំណាលគ្នានេះ ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់កាលពីថ្ងៃសុក្រទី១៤កុម្ភៈថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះសមយុទ្ធដ៏គ្រោះថ្នាក់របស់យន្តហោះកងទ័ពអាកាសចិនប្រឆាំងនឹងយន្តហោះកងទ័ពអាកាសអូស្ត្រាលីនៅសមុទ្ទចិនខាងត្បូង។
ក្រសួងដដែលបានបញ្ជាក់ថា៖«ប្រទេសទាំងអស់ត្រូវបានគោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើខ្សែបន្ទាត់ទំនាក់ទំនងអន្តរជាតិនៃសមុទ្ទ ដូចជាសមុទ្ទចិនខាងត្បូង និងដើម្បីជៀសវាងការជ្រៀតជ្រែកក្នុងសកម្មភាពស្របច្បាប់ដែលធ្វើឡើងនៅក្នុងដែនទឹក និងដែនអាកាសអន្តរជាតិ»៕

