លោក ដូណាល់ ត្រាំ ប្តេជ្ញាទិញយក និងកាន់កាប់ហ្កាហ្សា ខណៈលោកចង់ឱ្យទឹកដីមួយនេះ ត្រូវបានសាងសង់ឡើងវិញដោយរដ្ឋផ្សេងៗទៀត នៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យទី៩ ខែកុម្ភៈថា លោកបានប្តេជ្ញាចិត្តក្នុងការទិញយក និងកាន់កាប់ហ្កាហ្សា ខណៈបុរសសេដ្ឋកិច្ចរូបនេះចង់ឱ្យទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្រ្គាមត្រូវបានសាងសង់ឡើងវិញដោយរដ្ឋផ្សេងៗទៀតនៅមជ្ឈិមបូព៌ា។
លោក ត្រាំ បានអះអាងថា ៖«ខ្ញុំប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា។ ដរាបណាយើងសាងសង់វាឡើងវិញ យើងអាចប្រគល់វាទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ា ដើម្បីសាងសង់ផ្នែកខ្លះនៃទឹកដីនោះឡើងវិញ[…]។ ប៉ុន្តែយើងប្ដេជ្ញាធ្វើជាម្ចាស់នៃតំបន់នេះ ហើយធ្វើឱ្យប្រាកដថា ក្រុមហាម៉ាសមិនវិលត្រឡប់មកវិញទេ»។ លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនចូលទៅក្នុងសហរដ្ឋអាម៉េរិក ប៉ុន្តែនឹងពិចារណាលើសំណើបែបនេះដោយផ្អែកលើករណីនីមួយៗ។
យ៉ាងណា សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីសសាត អែលរ៉ាសហ៍ បានថ្កោលទោសការកត់សម្គាល់ចុងក្រោយបង្អស់របស់លោក ត្រាំ ស្តីពីការទិញ និងកាន់កាប់តំបន់ហ្កាហ្សា។ លោក រ៉ាសហ៍ បានបន្ថែមថា ៖«ហ្កាហ្សាមិនមែនជាអចលនទ្រព្យដែលត្រូវលក់ និងទិញដូរនោះទេ។ វាគឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីនដែលស្ថិតក្រោមការកាន់កាប់របស់យើង ហើយជនជាតិប៉ាឡេស្ទីនប្រឆាំងនឹងផែនការផ្លាស់ទីលំនៅ»។
សូមរំឭកថា លោក ត្រាំ បានអះអាងអំពីការផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ហ្កាហ្សា ហើយនឹងប្តូរឈ្មោះតំបន់ហ្កាហ្សាទៅជាទឹកដី «Riviera of Middle East»។ ការប្រកាសរបស់លោក ត្រាំ បានរងការស្តីបន្ទោសយ៉ាងគំហុកភ្លាមៗពីប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានច្រានចោលទាំងស្រុងនូវផែនការរបស់លោក ត្រាំ ដូចមេដឹកនាំពិភពលោកជាច្រើនដែរ។ ទន្ទឹមគ្នានេះ ស្តេចហ្ស៊កដានី គ្រោងនឹងប្រាប់លោក ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែកុម្ភៈនៅរដ្ឋធានីវ៉ាស៊ីនតោនថា សំណើរបស់លោក ត្រាំ គឺជារូបមន្តច្រែះស៊ីដែកដែលអាចបង្កការរីករាលដាលនៃភាពចលាចលនៅទូទាំងមជ្ឈិមបូព៌ា៕

