សម្តេចធីបតី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសហ្វីលីពីន ប្រកបដោយសុវត្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋហ្វីលីពីន។
បើតាមឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វីឌីណាន់ ម៉ាកូស ជេអរ (Ferdinand R. Marcos Jr) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីន នាពេលនេះ នឹងផ្តល់នូវសន្ទុះថ្មី ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដល់ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។
គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចបវរធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ហ្វីឌីណាន់ ម៉ាកូស ជេអរ (Ferdinand R. Marcos Jr) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារ កិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា មួយចំនួន។
ក្នុងឱកាស នៃទស្សនកិច្ចនេះដែរ សម្តេចបវរធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម ហ្វ្រង់ ស៊ីស-ឈីស-ជី-អ៊ីស្តនីរូ (Francis “Chiz” G. Escudero) ប្រធានព្រឹទ្ធសភា និងឯកឧត្តម ហ៊ីឌីណង់-ម៉ាទីន-ហ្គោម៉េស- រូម៉ាល់ដេស (Ferdinand Martin Gomez Romualdez) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។
ក្រៅពីកម្មវិធីខាងលើ សម្តេចបវរធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ពីបណ្តាក្រុមហ៊ុនវិនិយោគហ្វីលីពីនមួយចំនួនផងដែរ។
តាមការគ្រោងទុក សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥៕

