លោក ដូណាល់ ត្រាំ បានជជែកជាមួយ លោក ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

បរទេស៖ សារព័ត៌មានអាមេរិក New York Post បានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថារូបលោកផ្ទាល់បានជជែកជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាម New York Post នៅក្នុងបទសម្ភាសន៍មួយនៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បានឲ្យដឹងថាលោក ពូទីន មិនចង់ឃើញមនុស្សស្លាប់ តទៅទៀត នោះទេ។
លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិកនេះទៀតថាលោកតែងតែមានទំនាក់ទំនងល្អជានិច្ច ជាមួយលោក ពូទីន ហើយថារូបលោកមានផែនការយ៉ាងហ្មត់ចត់មួយក្នុងការបញ្ចប់ សង្រ្គាម។ តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីលម្អិតនោះទេ។ លោកសង្ឃឹមថាវាដំណើរការយ៉ាងលឿនរហ័ស។ មនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ។ នេះជាសង្រ្គាមដ៏អាក្រក់នៅអ៊ុយក្រែន។ លោកចង់បិទ បញ្ចប់រឿងដ៏អាក្រក់មួយនេះ។
កាលពីចុងខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយ ថាទីក្រុងមូស្គូកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន។ ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថារូបលោកអាចនឹងបើកកិច្ចសន្ទនាជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាពីការបិទបញ្ចប់សង្រ្គាម។

