ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ និងបានរៀបចំពិធីប្រកាសនាពេលនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព នៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។
ឯកឧត្តមបណ្ឌិត បានបន្តថា ឈរលើមូលដ្ឋានទិសដៅ និងទស្សនវិស័យនេះ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីតែនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងអំណរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលក្រៅពីភារកិច្ចស្នូលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន ៕

