លោក ដូណាល់ ត្រាំ៖ អាម៉េរិកនិងជប៉ុននឹងធ្វើការរួមគ្នាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរូ អ៊ីហ្ស៊ីបា នៅសេតវិមានកាលពីថ្ងៃសុក្រទី៧ ខែកុម្ភៈ ខណៈខ្លាកំណាច ត្រាំ អះអាងថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ លោក ត្រាំ បានប្រកាសពីវឌ្ឍនភាពលើការប៉ុនប៉ងរបស់ក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ដើម្បីទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ក្នុងតម្លៃ១៤,៤ ពាន់លានដុល្លារ។
បើតាមលោក ត្រាំ ឥឡូវនេះ ក្រុមហ៊ុនដែកថែប Nippon Steel កំពុងសម្លឹងមើលការវិនិយោគ មិនមែនជាការទិញ។
ជាមួយគ្នានេះ មេដឹកនាំជប៉ុន លោក អ៊ីហ្ស៊ីបា បានលើកឡើងថា លោកបានបង្ហាញពីឆន្ទៈក្នុងការសហការដើម្បីបង្កើនការវិនិយោគរបស់ជប៉ុននៅសហរដ្ឋអាម៉េរិកដល់១ ពាន់ពាន់លានដុល្លារ។ ជាពិសេស លោកក៏បានគូសបញ្ជាក់ពីផែនការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Toyota និង Isuzu ក៏ដូចជាសម្រាប់ប្រទេសជប៉ុនដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាម៉េរិកផងដែរ។
យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក អតិរេកពាណិជ្ជកម្មទំនិញរបស់ប្រទេសជប៉ុនឆ្នាំ២០២៤ មានចំនួន ៦៨,៥ពាន់លានដុល្លារអាម៉េរិក ធៀបនឹង ៧១,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ត្រាំ និងលោក អ៊ីហ្ស៊ីបា បានលើកឡើងពីសម្ពាធរបស់ចិនលើកោះតៃវ៉ាន់ និងចំពោះការទាមទាររបស់ជប៉ុននៅសមុទ្ទចិនខាងកើត ខណៈមេដឹកនាំទាំងពីរប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្ដូរស្ថានភាពជាឯកតោភាគីដោយកម្លាំងយោធា ការគំរាមកំហែង ឬការបង្ខិតបង្ខំ។
មេដឹកនាំទាំងពីរក៏បានច្រានចោលនូវការទាមទារដែនសមុទ្ទសដ៏ហួសហេតុរបស់ចិន និងសកម្មភាពគំរាមកំហែង និងបង្កហេតុនៅក្នុងសមុទ្ទចិនខាងត្បូង។ ក្រៅពីនេះ លោក ត្រាំ និងលោក អ៊ីហ្ស៊ីបា ក៏បានសម្ដែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងចេញពីប្រទេសកូរ៉េខាងជើង៕

