សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បន្តធ្វើអំពើល្អ និងដោះស្រាយបញ្ហាប្រឈមដែលជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ពិធីដ៏មានអត្ថន័យនោះ មានការចូលរួមពីសមាជិក សមាជិក អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់។
ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍ថា ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនងប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស បើទោះបីជាមានការរំខានពីក្រុមជ្រុលនិយមមាននិន្នាការនយោបាយប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនាពេលនោះ។
សម្តេចមហាបវរធិបតីមានប្រសាសន៍លើកឡើងដែរថា សម្តេចផ្ទាល់និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ពិសេសការម៉ាក់ងាយពីក្រុមជ្រុលនិយមមួយចំនួន។
សម្តេចក៏បានសំដែងនូវមោទនភាពក្នុងការកសាងកំលាំង របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៥ម៉ឺននាក់។
ជាមួយនិងការលើកឡើងនោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួលនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស ជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់របស់ជនរួមជាតិយើង។
បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលមានវត្តមានជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយរ៉ាក់ទាក់បំផុត ៕

