រដ្ឋសភាកម្ពុជា រង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋសភាហុងគ្រី ដើម្បីផ្តល់លទ្ធផលជាផ្លែផ្កាបន្ថែមទៀត សម្រាប់ប្រជាជន

ភ្នំពេញ៖ ជាការស្វាគមន៍ និងអបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ ប្រទេសហុងគ្រី ដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសហុងគ្រី ដឹកនាំដោយ លោកជំទាវ ម៉ារតា ម៉ាត្រៃ (H.E. Ms. Márta MÁTRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី នារាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមសូមបញ្ជាក់ជាថ្មីថា ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូរបស់យើងបានចាក់ឫសយ៉ាងជ្រៅ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រី ដែលជាដៃគូដ៏សំខាន់របស់កម្ពុជា ចាប់តាំងពីប្រទេសកម្ពុជាបានទទួលជ័យជម្នះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ និង ហុងគ្រីបានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រប្រទេសកម្ពុជា ឱ្យសម្រេចបាននូវសន្តិភាព និងការកសាងប្រទេសជាតិក្រោយជម្លោះ។
ក្នុងកម្រិតកិច្ចសហប្រតិបត្តិការសភា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបង្ហាញទំនុកចិត្តថា វានឹងបន្តរីកចម្រើនសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរកម្ពុជា-ហុងគ្រី។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា រដ្ឋសភាកម្ពុជារង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាហុងគ្រី ដើម្បីផ្តល់លទ្ធផលជាផ្លែផ្កាបន្ថែមទៀតសម្រាប់ប្រជាជន។ ជាងនេះទៅទៀត កម្ពុជា-ហុងគ្រី ត្រូវរក្សាសន្ទុះនៃការទូតសភាដើម្បីសន្តិភាព រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ IPTP លើកទី 11 នៅរាជធានីភ្នំពេញកាលពីខែវិច្ឆិកាឆ្នាំមុន៕

