ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ វិស័យទេសចរណ៍ជាវិស័យជន្ទល់ នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត

ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ស័យទេសចរណ៍ជាវិស័យជន្ទល់ នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងរយៈពេល២ទវទសត្សចុងក្រោយ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា «វិស័យទេសចរណ៍ជាវិស័យជន្ទល់ នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងរយៈពេល២ទវទសត្សចុងក្រោយ ដែលបានធ្វើឱ្យវិស័យទេសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំង លើកលែងតែក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ដែលវិស័យទេសចរណ៍ ទាំងកម្ពុជា និងនៅពិភពលោក ត្រូវបានរងផលប៉ះពាល់ស្ទើទាំងស្រុង» ។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា សម្រាប់បច្ចុប្បន្ន វិស័យទេសចរណ៍ មានការងើបឡើងវិញ តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរជាដើម ។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍ថា ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ។ នេះបានសេចក្តីថា វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ បានចាប់ផ្តើមហុចផលបណ្តើរៗ ៕

