ថៃ-ចិននឹងពួតដៃគ្នាប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមអនឡាញ

បាងកក៖ ថៃ-ចិននឹងពួតដៃគ្នាប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមអនឡាញដែលកំពុងរីកដុះដាលដូចផ្សិតនៅតាមតំបន់ព្រំដែនថៃជាមួយប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដោយជារឿយៗមនុស្សជាច្រើនត្រូវបានគេបោកប្រាស់តាមទូរសព្ទ និងឆបោកតាមបណ្តាញអ៊ីនធឺណិត។
ប៉ូលិសថៃបានអះអាងថ្ងៃសុក្រទី២៤ ខែមករាថា មជ្ឈមណ្ឌលសម្របសម្រួលមួយនឹងត្រូវបង្កើតឡើងនៅក្នុងរាជធានីបាងកក ហើយអាជ្ញាធរចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលមួយផ្សេងទៀតនៅក្នុងក្រុង Mae Sot របស់ប្រទេសថៃ ជាប់ព្រំដែន Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាសំបុកនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
ជាមួយគ្នានេះ ប៉ូលិសថៃបានសង្កត់ធ្ងន់ថា ៖«មជ្ឈមណ្ឌល សម្រប សម្រួលនៅរាជធានីបាងកកនេះ នឹងធ្វើការរួមគ្នាជាមួយប្រទេសចិនដើម្បីស៊ើបអង្កេត និងប្រយុទ្ធប្រឆាំងនឹងក្រុមជនខិលខូចដែលមានទីតាំងនៅតំបន់ Myawaddy ប្រទេសមីយ៉ាន់ម៉ា និងនៅតាមព្រំដែនកម្ពុជា ដែលមានជនជាតិចិន និងថៃជាច្រើននាក់។ មជ្ឈមណ្ឌល សម្រប សម្រួល ត្រូវ បាន គេ រំពឹង ថា នឹង ចាប់ ផ្តើម ប្រតិបត្តិការ ក្នុង ខែ កុម្ភៈ ឆ្នាំ២០២៥»។
សម្ពាធសាធារណៈបានកើនឡើងខ្លាំងនៅក្នុងប្រទេសថៃជុំវិញការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងឃោរឃៅ។ ជាមួយគ្នានេះ ចិនក៏បានព្រួយបារម្ភកាន់តែខ្លាំងឡើងដែរ ជាពិសេសបន្ទាប់ពីការចាប់ពង្រត់ឆ្លងដែនលើតារាសម្ដែងចិន វ៉ាង ស៊ីង(Wang Xing)។
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មន្ត្រីមកពីប្រទេសចិន មីយ៉ាន់ម៉ា និងថៃ បានឈានដល់ការឯកភាពគ្នាលើការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធទូរគមនាគមន៍ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងគុនមីង( Kunming)ប្រទេសចិន។
ជុំវិញករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនេះ អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានបញ្ជូនជនបរទេសជាង៥៥ ០០០ នាក់ រួមទាំងជនជាតិចិនជាង៥៣ ០០០ នាក់ ទៅកាន់ប្រទេសកំណើតវិញ នៅចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ខែមករាឆ្នាំ ២០២៥។ នេះបើតាមកាសែតរដ្ឋមីយ៉ានម៉ា។
គួរបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសតំបន់ព្រំដែនរវាងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការបោកប្រាស់តាមអ៊ីនធឺណិតផ្សេងទៀតចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ខណៈមនុស្សរាប់សែននាក់ត្រូវបានបោកប្រាស់ឱ្យទៅធ្វើការជាមួយប្រាក់ខែខ្ពស់ និងលក្ខខណ្ឌការងារល្អ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

