តុលាការកូរ៉េខាងត្បូង ច្រានចោលសំណើរបស់ការិយាល័យរដ្ឋអាជ្ញា ដើម្បីបន្តការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រទី២៤ ខែមករា បានច្រានចោលសំណើរបស់ការិយាល័យរដ្ឋអាជ្ញា ដើម្បីបន្តការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក យូន ស៊ុកយ៉ុល ជុំវិញការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានយ៉ុនហាប់។
កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់(CIO) ដឹកនាំការស៊ើបអង្កេតលើលោក យូន ស៊ុកយ៉ុល បានផ្ទេរសំណុំរឿងទៅការិយាល័យរដ្ឋអាជ្ញា ហើយបានស្នើសុំឱ្យចោទប្រកាន់លោក យូន ពីបទបះបោរ និងការរំលោភបំពានអំណាច។
CIO បានលើកឡើងថា ការឃុំខ្លួនលោក យូន នឹងត្រូវបញ្ចប់នៅថ្ងៃទី២៨ ខែមករា ហើយពួកគេរំពឹងថា រដ្ឋអាជ្ញានឹងស្នើសុំឱ្យតុលាការពន្យារពេល១០ ថ្ងៃបន្ថែមទៀត មុនពេលកាត់ទោសប្រធានាធិបតីជាផ្លូវការ។ យ៉ាងណា តុលាការរដ្ឋធានីសេអ៊ូលកណ្តាលបានច្រានចោលសំណើរបស់ការិយាល័យរដ្ឋអាជ្ញា៕

